January 26, 2022

តុលាការ​​​បាត់ដំបង​កាត់ទោស​យុវជន​ម្នាក់​ឱ្យ​ជាប់​គុក​១០​ខែ ​ក្រោយ​បង្ហោះសារ​ថា​រដ្ឋ​ឱ្យ​បេះ​ផ្លែមៀន​ហើយ​មិនយកវិញ

សាលាដំបូងខេត្តបាត់ដំបងបានសម្រេចកាត់ទោសយុវជនម្នាក់ឱ្យជាប់ពន្ធនាគារ១០ខែ កាលពីម្សិលមិញ ក្រោយពីយុវជនរូបនេះ បានបង្ហោះសារលើបណ្ដាញសង្គមថា រដ្ឋាភិបាលបានឱ្យពួកគាត់កាច់ផ្លែមៀនពីចម្ការ ហើយបែរជាមិនយកផ្លែមៀនរបស់ពួកគាត់វិញ។

~

~

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ដួង សារ៉ន ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា  ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត បានសម្រេចផ្ដន្ទាទោសយុវជនឈ្មោះ ងួន លី ដាក់ពន្ធនាគារ ១០ ខែ  ដោយចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។​
បើតាមប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តបាត់ដំបងលោកស្រី ជា ចាន់រស្មី បញ្ជាក់បន្ថែមថា យុវជន ងួន លី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗកាលពីម្សិលមិញបន្ទាប់ពីចៅក្រមសម្រេចរួច។

~

~

ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន បានប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា កសិករដែលដាំតាង៉ែនឬ មៀនប៉ៃលិននោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យទៅផ្ទះវិញ ខណៈម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​​ Accou Nt   ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីម្សិលមិញ។ លោកបន្តថា ការឃាត់ និងបញ្ជូនខ្លួ​ន យុវជនរូបនោះ ទៅតុលាការ ករណីញុះញង់  និង​ ជេរប្រមាថ​ដល់ក្រុមការងារ​អ្នកប្រមូលទិញមៀន ក៏ដូចជារដ្ឋាភិបាល។
លោកថា៖«អាហ្នឹង ពាក់ព័ន្ធនឹងការឡាយ[Live]គឺគាត់ពិតជាបានឡាយជាក់ស្ដែងមែន  មិនថា គាត់កំហឹង ខឹងសម្បារអីបានជាគាត់ធ្វើការឡាយ​​​​​ ​។ ហ្នឹងបានន័យថា កំហុសគាត់ គឺគាត់ទទួលស្គាល់ក្នុងការឡាយ​ពិតប្រាកដមែន។ អ៊ីចឹងនីតិវិធីហ្នឹង ខាងអយ្យការធ្វើការចោទប្រកាន់ពីការ«ញុះញង់»ហ្នឹង»។

~

~

យុវជន ងួន លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីយុវជនរូបនេះ បានមកឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាមួយកសិករម្នាក់ទៀត ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម​ហ្វេសប៊ុករិះគន់រដ្ឋាភិបាលថា មិនទទួលយកផ្លែមៀនដែលកសិករបេះទុករួចរាល់។
ប៉ុន្តែកសិករម្នាក់ទៀត ដែលបានមកឆ្លើយបំភ្លឺជាមួយយុវជនរូបនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈយុវជន ងួន​លី ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ  ពាក់ព័ន្ធនឹងការបង្ហោះសារកាលពីថ្ងៃទី២១ ខែសីហា។

~

~

បើតាមហ្វេសប៊ុកយុវជន ងួន លី ដែលមានឈ្មោះ Accou Nt  បានបង្ហោះវីដេអូឃ្លីបកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយលើកឡើងថា  លោកនាយករដ្ឋមន្ត្រីបានជួយទិញ ដោយឱ្យខាងស្រុក-ឃុំចុះមកជួយកត់ថា​ មៀនមានចំនួនប៉ុន្មានតោន ដោយឱ្យប្រជាពលរដ្ឋកាច់ និងដាក់ថង់ ប៉ុន្តែនៅពេល​ដាក់ថងគេមិនយក ដោយឱ្យដាក់ឡាំងវិញ។ ​
វីដេអូឃ្លីប៖«កាលពីមុនឡើង ដែលថាខាងសម្ដេចគាត់ជួយទិញណាឱ្យខាងស្រុក ខាងឃុំ ចុះមកជួយកត់ថា មៀនយើងមានប៉ុន្មានតោនៗអ៊ីចឹង ឱ្យខាងប្រជាពលរដ្ឋយើង ស៊ីឈ្នួលកាច់អ៊ីចឹងទៅ ​​ដល់ពេលឥឡូវ​​មុនដំបូងថា ឱ្យដាក់ថង់គេតយកទៅហើយ ដល់ពេលឥឡូវគាត់កាច់ហើយដាក់ថង់​មៀនប្រហែលជា ២ ទៅ៣ តោន ​។ ឥឡូវគេថា ដាក់ថង់មិនយកទេ គេឱ្យដាក់ឡាំងវិញ​ ឥឡូវយកឡាំងមកបានអស់ហើយ​ខាងគេ តេមកវិញថា ឡាំងក៏គេអត់យកដែរ ​គេអត់ទិញហ្មង់។​ ដំបូងបើអត់ទិញឱ្យពួកគាត់កាច់ធ្វើអី​ មើលមៀនហ្នឹងនៅ ពេញណា ពេញណីទាំងអស់មើលមនុស្ស។ ជ្រុលបើមិនទិញហើយ ​កុំឱ្យគាត់កាច់អស់លុយ ថ្លៃកម្មករ គ្រាន់តែថ្លៃកម្មករ ថ្លៃជួលឡានដឹក​ទៅវិញទៅមកអស់លុយ ​ហើយថ្លៃកម្មករកាច់មួយគីឡូ ៥០០ រៀលទៀត ​ហើយទិញកេះផងជួលឡានដឹកផង ហើយអត់ទិញរបស់គាត់ផងហ្នឹងទុកចោលដដែលហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យ៉ិន ម៉េងលី បង្ហាញការភ្ញាក់ផ្អើល ក្រោយពីតុលាការបានសម្រេចកាត់ទោសយុវជន ងួន លី ឱ្យជាប់ពន្ធនាគារ ១០ ខែ ។ លោកបន្តថា អាជ្ញាធរ និងតុលាការគួរធ្វើការអប់រំ ឬធ្វើកិច្ចសន្យាជាជាងយកយុវជនរូបនេះ ទៅដាក់ពន្ធនាគារ ដោយគ្រាន់តែធ្វើការបញ្ចេញមតិបង្ហាញក្ដីកង្វល់របស់ខ្លួន អំពីកសិផលពួកគេគ្មានទីផ្សារ។

~

~

លោក យ៉ិន ម៉េងលី ៖«ខ្ញុំយល់ថា អាហ្នឹងវាគ្រាន់តែជាសេរីភាពបញ្ចេញមតិរបស់គាត់ ឥឡូវរដ្ឋ​មានមធ្យោបាយគ្រ​ប់គ្រាន់ក្នុងការឆ្លើយតប ខ្ញុំឃើញខេត្តបានបង្ហោះ ប្រកាសឆ្លើយតបពីបញ្ហាអស់ទាំងហ្នឹងហើយ ។ ហើយយើងឃើញថតវីដេអូ ​បង្ហោះថែមទៀត ហើយរដ្ឋ​ក៏មានមធ្យោបាយជាច្រើន​ដូចជាសារព័ត៌មានច្រើនណាស់របស់រដ្ឋ។ អ៊ីចឹង យើងអាចផ្សាយឡើងវិញទៅ ​ថាបញ្ហាហ្នឹង វាយ៉ាងម៉េច ​។
លោក យ៉ិន ម៉េងលី ៖«ខ្ញុំយល់ថា អាហ្នឹងវាគ្រាន់តែជាសេរីភាពបញ្ចេញមតិរបស់គាត់ ឥឡូវរដ្ឋ​មានមធ្យោបាយគ្រ​ប់គ្រាន់ក្នុងការឆ្លើយតប ខ្ញុំឃើញខេត្តបានបង្ហោះ ប្រកាសឆ្លើយតបពីបញ្ហាអស់ទាំងហ្នឹងហើយ ។ ហើយយើងឃើញថតវីដេអូ ​បង្ហោះថែមទៀត ហើយរដ្ឋ​ក៏មានមធ្យោបាយជាច្រើន​ដូចជាសារព័ត៌មានច្រើនណាស់របស់រដ្ឋ។ អ៊ីចឹង យើងអាចផ្សាយឡើងវិញទៅ ​ថាបញ្ហាហ្នឹង វាយ៉ាងម៉េច ​។
លោក យ៉ិន ម៉េងលី៖« អ៊ីចឹងបុគ្កលម្នាក់ឬ ពីរនាក់ ហើយគាត់ជាប្រជាពលរដ្ឋធម្មតា​គាត់​ ជាកសិករ គាត់មានឥទ្ធិពលប៉ុណ្ណាទៅញុះញង់ឱ្យមានភាពវឹកវរអីទៅដល់សង្គមហ្នឹង​ ឱ្យគេស្ដាប់បង្គាប់គាត់ហ្នឹង។ ​​​​​អ៊ីចឹងបានយើងថា សេរីភាពបញ្ចេញមតិវាចាំបាច់ណាស់ វាសំខាន់ណាស់​ វាធ្វើឱ្យមានដល់សិទ្ធិសេរីភាពដទៃទៀត ​ហើយរដ្ឋាភិបាលមានការបារម្ភណាស់​ សេរីភាពបញ្ចេញមតិហ្នឹង។ អ៊ីចឹង យើងឱ្យពិនិត្យទៅលើ​ចំណុចពីរ ទី១ ចាំបាច់ គាត់និយាយ​ប៉ុណ្ណឹងចាំបាច់ទេ ត្រូវទៅចាប់គាត់មក ។ ​ទី២ គាត់និយាយប៉ុណ្ណឹង សមាមាត្រទេ ដែលយកគាត់ទៅដាក់គុក១០ ខែ»។

~

លោក យ៉ិន ម៉េងលី ស្នើទៅរដ្ឋាភិបាលឱ្យពិចារណាឡើងវិញចំពោះការចោទប្រកាន់ និងឃុំខ្លួនយុវជនរូបនោះ ដោយគ្រាន់តែគាត់បាន​បញ្ចេញមតិលើបញ្ហាប្រឈមរបស់កសិករ។ លើសពីនេះលោកថា  ការចាប់ខ្លួនយុវជន និងអ្នកផ្សេងៗទៀតដាក់ពន្ធនាគារ ដោយគ្រាន់តែការបញ្ចេញមតិ​ វាមិនបានចំណេញអ្វីដល់រដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញ នឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់កាន់តែខ្លាំងបន្ថែមទៀតពីសាធារណជន និងសហគមន៍អន្តរជាតិចំពោះការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា៕  

~

Cr : VOD Khmer

Leave a Reply

Your email address will not be published.